ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ចុះធ្វើការផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ អគ្គនាយក អគ្គនាយិកា អគ្គាធិការ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងអនុប្រធានមន្ទីររាជធានី-ខេត្ត ព្រមទាំងប្រធានការិយាល័យ សរុបចំនួន ៣៥៦នាក់ ក្នុងនោះស្ត្រី ៣៥នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានផ្តល់កិច្ចសហការ និងអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាន «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ចុះផ្សព្វផ្សាយខ្លឹមសារគោលនយោបាយនេះ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការ និងសាសនា។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមស្តាប់បទបង្ហាញ និងស្វែងយល់អំពីខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអនុវត្តឱ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋាន។
ឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ បន្តចូលរួមសហការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕


