ខេត្តតាកែវ៖ លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស រួមជាមួយសហការី និងអាជ្ញាធរភូមិ-ឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុក ទៅជូនក្រុមគ្រួសារលោកយាយ ញ៉េប ទុំ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន អគ្គីភ័យនេះ ត្រូវបានសន្និដ្ឋានជាបឋមថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដែលបានឆាបឆេះលំនៅដ្ឋាន និងទ្រព្យសម្បត្តិមួយចំនួនរបស់គ្រួសារ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យក្រុមគ្រួសាររងគ្រោះខ្វះទីជម្រកស្នាក់នៅ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកអភិបាលស្រុក បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះការបាត់បង់លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ដ៏អាក្រក់នេះ។ លោកក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសាររងគ្រោះ ឱ្យមានកម្លាំងចិត្តក្នុងការបន្តជីវភាពរស់នៅឡើងវិញ។
ជាមួយគ្នានេះ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃកប្បាស លោក គិន ភក្ដី បានសន្យាថា នឹងខិតខំកៀរគរជំនួយមនុស្សធម៌ពីសប្បុរសជន និងអង្គភាពពាក់ព័ន្ធ ដើម្បីជួយសាងសង់លំនៅដ្ឋានថ្មីមួយសមរម្យ ជូនលោកយាយ ញ៉េប ទុំ និងក្រុមគ្រួសារ ឱ្យមានទីជម្រករស់នៅឡើងវិញបានសមរម្យ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្ដែងការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងការចុះអន្តរាគមន៍រហ័សរបស់អាជ្ញាធរស្រុក និងកាកបាទក្រហមកម្ពុជា ដែលតែងតែឈរជាមួយប្រជាពលរដ្ឋនៅពេលជួបការលំបាក និងគ្រោះអាសន្នផ្សេងៗ៕


