ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះនិព្វាន និងឃុំជាប់ព្រំប្រទល់មួយចំនួន នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរស់នៅក្រោមការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធបញ្ហាក្លិនស្អុយសាយភាយ ចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលត្រូវបានអះអាងថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ជាពិសេសប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សគ្រប់វ័យ។
បើយោងតាមសេចក្តីរាយការណ៍ដែលដែលអ្នកសារព័ត៌មានទទួលបាន ប្រជាពលរដ្ឋបានលើកឡើងថា ក្លិនស្អុយចេញពីកសិដ្ឋាននេះ បានសាយភាយជារៀងរាល់ថ្ងៃ ធ្វើឲ្យការរស់នៅរបស់ពួកគាត់ជួបការលំបាកយ៉ាងខ្លាំង។ មិនត្រឹមតែប៉ះពាល់ដល់ការហូបចុក និងការសម្រាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឲ្យមានអាការៈថប់ដង្ហើម វិលមុខ និងអស់កម្លាំងជាបន្តបន្ទាប់ផងដែរ។
នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងជាក់ស្ដែង និងសង្កេតឃើញថា ក្លិនស្អុយមានសភាពខ្លាំងដូចការរាយការណ៍របស់ប្រជាពលរដ្ឋពិតប្រាកដ។ លើសពីនេះ ក៏មានទឹកកខ្វក់ដែលមានក្លិនស្អុយ ត្រូវបានបង្ហូរចេញពីកសិដ្ឋាន ហូរពាសវាលពាសកាល បង្កការប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស និងសត្វក្នុងតំបន់។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំង បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់រស់នៅដូចគ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម ហើយពេលបរិភោគអាហារ ត្រូវទ្រាំហូបលាយឡំនឹងក្លិនស្អុយដ៏ខ្លាំងនេះ។ អ្នកខ្លះថែមទាំងអះអាងថា ស្ទើរតែសន្លប់ដោយសារក្លិនស្អុយដែលសាយភាយពេញភូមិ។
ប្រជាពលរដ្ឋបន្តថា កន្លងមកពួកគាត់ធ្លាប់បានរាយការណ៍ជូនអាជ្ញាធរឃុំជាច្រើនដងផងដែរ។ ជុំវិញបញ្ហានេះ លោកមេឃុំព្រះនិព្វាន បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកបានដឹងពីបញ្ហានេះ និងបានរាយការណ៍ជូនថ្នាក់ស្រុក និងមន្ទីរបរិស្ថានខេត្តរួចហើយ។ មន្ត្រីជំនាញក៏ធ្លាប់ចុះណែនាំម្ចាស់កសិដ្ឋានផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ការចិញ្ចឹមជ្រូក និងការសាយភាយក្លិនស្អុយនៅតែកើតមានដដែល។
ដោយឡែក លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី តាមរយៈកម្មវិធី WhatsApp បានឆ្លើយតបថា៖ «បើយកល្អ អោយផ្តិតមេដៃ ដាក់ពាក្យបណ្ដឹងតិចមកល្អ»។ ចំណែកលោក ចន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រុមអ្នកសារព័ត៌មានបានទាក់ទងតាម Telegram ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់ ឯកឧត្តម ជាម ចន្ទ័សោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងជាពិសេស ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យ និងមានវិធានការច្បាស់លាស់ចំពោះកសិដ្ឋានខាងលើនេះ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងការពារសុខភាពប្រជាពលរដ្ឋ មុននឹងកើតមានផលវិបាកធ្ងន់ធ្ងរជាងនេះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមបញ្ជាក់ថា ការចុះផ្សាយនេះ គឺធ្វើឡើងក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មាន និងរិះគន់ក្នុងន័យស្ថាបនា ដោយគ្មានចេតនាញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ ឬមួលបង្កាច់បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ។ អង្គភាពយើងខ្ញុំ រង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធគ្រប់ពេលវេលា ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា៕


