ឯកឧត្តម អ៊ុន ចាន់ដា ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ

ខេត្តកំពង់ចាម៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចុះជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍មួយកន្លែងនៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម “ទុរេនស្ទឹងត្រង់”។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។

នាឱកាសនោះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕

fb img 1778231575495 fb img 1778231573469 fb img 1778231568658 fb img 1778231565553 fb img 1778231562679 fb img 1778231558712 fb img 1778231581113 fb img 1778231584163 fb img 1778231587936 fb img 1778231591926 fb img 1778231596543 fb img 1778231598552 fb img 1778231601479 fb img 1778231604848

Scroll to Top