សំណង់វីឡាស្កឹមស្កៃ លើផ្លូវជាតិ២១ មានការសង្ស័យពីនីតិវិធីស្របច្បាប់ ខណៈអាជ្ញាធរអះអាងកំពុងពិនិត្យបច្ចេកទេស

សំណង់វីឡាស្កឹមស្កៃ លើផ្លូវជាតិ២១ មានការសង្ស័យពីនីតិវិធីស្របច្បាប់ ខណៈអាជ្ញាធរអះអាងកំពុងពិនិត្យបច្ចេកទេស

ខេត្តកណ្ដាល៖ សំណង់វីឡាធំមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល កំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ និងអ្នកជំនាញវិស័យសំណង់ ជុំវិញការសង្ស័យថា អាចមានការអនុវត្តមិនទាន់គ្រប់នីតិវិធីច្បាប់ ស្របពេលសំណង់បានចាប់ផ្ដើមដំណើរការសាងសង់រួចទៅហើយ។

យោងតាមឯកសារអនុញ្ញាតសាងសង់ ដែលចុះហត្ថលេខាដោយលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យម្ចាស់សំណង់ឈ្មោះ លោក ទេព វ៉ាន់ទី និងនាង ឈួរ ស៊ីទ្ធ សាងសង់អគារភូមិគ្រឹះបេតុងសរសៃដែក មានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ និងដំបូលប្រក់ក្បឿង។ ប៉ុន្តែប្រភពព័ត៌មានបានលើកឡើងថា សំណង់នេះនៅមិនទាន់មានលិខិតអនុញ្ញាតបើកការដ្ឋានជាផ្លូវការ ដែលជាលក្ខខណ្ឌចាំបាច់មុនការសាងសង់នោះទេ។ ម្យ៉ាងសំណង់នេះមានកំពស់៣ជាន់ ប្រកដំបូលល្បឿង ដែលសង្ស័យថា លើសពី៥០០ម៉ែត្រការ៉េ ដែលនីតិវិធីត្រូវសុំដល់រដ្ឋបាលខេត្តកណ្ដាលទៀតផង។

ម្យ៉ាងវិញទៀត បើតាមលក្ខខណ្ឌដែលមានចែងក្នុងលិខិតអនុញ្ញាត ម្ចាស់សំណង់ត្រូវអនុវត្តតាមនីតិវិធីសំខាន់ៗ រួមមាន ការស្នើសុំលិខិតបើកការដ្ឋានមុនចាប់ផ្ដើមសាងសង់ ការស្នើសុំបិទការដ្ឋានក្រោយបញ្ចប់សំណង់ ការគោរពតាមប្លង់បច្ចេកទេស និងបទប្បញ្ញត្តិគ្រប់គ្រងនគរូបនីយកម្ម ព្រមទាំងត្រូវស្នើសុំអនុញ្ញាតឡើងវិញ ប្រសិនបើមិនអនុវត្តក្នុងរយៈពេលកំណត់។

ប្រភពពីអ្នកជំនាញផ្នែកសំណង់បានបញ្ជាក់ថា ក្នុងករណីសំណង់មានទំហំលើសពី ៥០០ម៉ែត្រការ៉េ នីតិវិធីស្នើសុំអនុញ្ញាត ត្រូវឆ្លងកាត់ច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត មិនមែនជាសមត្ថកិច្ចរបស់រដ្ឋបាលស្រុកក្នុងការចេញលិខិតអនុញ្ញាតដោយផ្ទាល់នោះទេ។ ប្រសិនបើការលើកឡើងនេះត្រឹមត្រូវ នោះអាចបង្កជាចម្ងល់លើភាពស្របច្បាប់នៃសំណង់ និងនីតិវិធីរដ្ឋបាលពាក់ព័ន្ធ។

ប្រភពបានបន្តថា ការអនុវត្តនីតិវិធីមិនបានត្រឹមត្រូវ អាចបង្កហានិភ័យលើគុណភាពសំណង់ សុវត្ថិភាពអ្នករស់នៅ និងអ្នកជិតខាង ព្រមទាំងប៉ះពាល់ដល់ផែនការរៀបចំដែនដី និងការអភិវឌ្ឍន៍ទីក្រុងក្នុងរយៈពេលវែង។

ជុំវិញករណីនេះ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានប្រាប់បណ្ដាញសារព័ត៌មាន The Mirror News ថា សំណង់ខាងលើបានទទួលការអនុញ្ញាតតាមនីតិវិធីច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកស្អាងរួចហើយ ហើយបច្ចុប្បន្នក្រុមការងារជំនាញក៏បានចុះពិនិត្យ និងកំពុងបន្តអនុវត្តតាមនីតិវិធីពាក់ព័ន្ធ។ លោកបានអះអាងថា អាជ្ញាធរមិនអនុញ្ញាតឱ្យម្ចាស់សំណង់រំលងនីតិវិធីច្បាប់នោះឡើយ ហើយបើរកឃើញបញ្ហាបច្ចេកទេស នឹងចាត់វិធានការតាមច្បាប់ជាធរមាន។

ទោះជាយ៉ាងណា មតិសាធារណៈនៅតែចង់ឃើញការបញ្ជាក់ឱ្យបានច្បាស់លាស់ពីស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងធានាថាការសាងសង់ទាំងអស់អនុវត្តស្របតាមច្បាប់ និងស្តង់ដារបច្ចេកទេស។

មហាជនបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវជាក់ស្ដែង និងអនុវត្តវិធានការតាមច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីធានាបាននូវតម្លាភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងវិស័យសំណង់។

បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា នឹងរង់ចាំការបំភ្លឺបន្ថែមពីស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ និងតុល្យភាពព័ត៌មាន៕

img 20260508 150614 686 960x580 img 20260508 150611 001 960x580 img 20260508 150610 996 960x580 img 20260508 150610 717 960x580

Scroll to Top