ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធត្រួតពិនិត្យរមណីយដ្ឋានតំបន់ទំនប់រូងជ្រៃ នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធត្រួតពិនិត្យរមណីយដ្ឋានតំបន់ទំនប់រូងជ្រៃ នៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ ដើម្បីបង្កើនការអភិវឌ្ឍតំបន់ទេសចរណ៍ឲ្យកាន់តែទាក់ទាញ សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមក លេងកម្សាន្ត ក្នុងខេត្តកំពង់ចាម ឲ្យបានច្រើន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យ កែលម្អទីតាំង រមណីយដ្ឋានតំបន់ទំនប់រូងជ្រៃ ដែលស្ថិតនៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានដាក់គោលដៅអភិវឌ្ឍន៍រមណីយដ្ឋានតំបន់ទំនប់រូងជ្រៃ ដោយបានឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍមួយផ្នែក ដើម្បីជួយសម្រួលបន្ទុករបស់រដ្ឋ ក្នុងនោះ ឯកឧត្តម បានណែនាំដល់វិស័យឯកជនដែលទទួលបន្ទុកក្នុងការងារកសាង អភិវឌ្ឍន៍តំបន់នោះ ត្រូវស្តារទំនប់រូងជ្រៃឲ្យបានជ្រៅ ដើម្បីសម្រាប់ស្តុកទឹក ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលរដូវក្តៅ និងទុកឲ្យបងប្អូនប្រជាពលរដ្ឋយកទៅស្រោច ស្រពលើដំណាំ ចំការរបស់ពួកគាត់។

ឯកឧត្តម ក៏បានណែនាំបន្ថែមឱ្យកសាងផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញរមណីយដ្ឋាន ឲ្យបានស្អាត សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត មានភាពងាយស្រួលធ្វើដំណើរ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់នៅតំបន់អាចប្រើប្រាស់ សម្រាប់ដឹក ជញ្ជូនផលិតផលផ្សេងៗ។

ឯកឧត្តម បានបន្តថា រដ្ឋបាលខេត្តកំពង់ចាមបានដាក់ឲ្យការវិនិយោគអាជីវកម្មនេះមានរយៈពេល ២០ឆ្នាំ បន្ទាប់ពីផុតកិច្ចសន្យា ម្ចាស់អាជីវកម្មដែលបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរខេត្ត អាជ្ញាធរស្រុក អាជ្ញាធរឃុំអារក្សត្នោត នឹងត្រូវប្រគល់តំបន់ រមណីយដ្ឋានទំនប់រូងជ្រៃ ប្រគល់ជូនឲ្យរដ្ឋវិញ ទៅតាមកិច្ចសន្យាដែលព្រមព្រៀង៕

fb img 1778226589608 fb img 1778226598489 fb img 1778226596107 fb img 1778226600740 fb img 1778226603203 fb img 1778226605493 fb img 1778226612635 fb img 1778226610075 fb img 1778226607816 fb img 1778226591683

Scroll to Top