ខេត្តត្បូង៖ បុរសម្នាក់ជាចាងហ្វាងគេហទំព័ររស្មីកោះធំ លោក អ៊ុន គីមម៉េង បានរងរបួសធ្ងន់គ្រាំគ្រា នៅពេលដែលចុះទៅយកព័ត៌មានហើយរាយការណ៍អំពីបញ្ហា ល្បែងស៊ីសង ហើយត្រូវក្រុមអ្នកកាងល្បែងវាយបណ្ដាលឲ្យរងរបួស។ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចហើយ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដោយរំពឹងថា នឹងទទួលបានយុត្តិធម៌។
លោក អ៊ុន គឹមម៉េង បានឱ្យដឹងថា នៅពេលលាថ្ងៃត្រង់ថ្ងៃទី០២ ខែឧសភាព ឆ្នាំ២០២៦ លោកបានរាយការណ៍ព័ត៌មានអំពីល្បែងស៊ីសងមួយកន្លែងកំពុងតែដំណើរការលេងនៅក្នុងចំការកៅស៊ូស្ថិតក្នុង ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ លោកបានរាយការណ៍ព័ត៌មាននេះ ទៅលោកអធិការនគរបាលស្រុកមេមត់។ ក្នុងកំឡុងនៃវេលារង់ចាំការមកដល់របស់សមត្ថកិច្ច,ស្រាប់តែលេចមុខក្រុមអ្នកកាងល្បែងមានស្រីប្រុស៦-៧នាក់ នាំគ្នាត្រួតវាយលើរូបលោកបណ្ដាលឲ្យរងរបួសភ្លាមៗតែម្ដង។
សេចក្តីរាយការផ្សេងទៀត ពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងល្បែងស៊ីសងនេះ ត្រូវបានគ្រប់គ្រងដោយតាលឹមដែលល្បីឈ្មោះជាយូរមកហើយ នៅតំបន់នានាក្នុងភាគខាងកើតនៃខេត្តត្បូងឃ្មុំ។ តាលឹមអាចនិយាយបានថាគឺជាបុរសដែលមានឥទ្ធិពលនិងជើងខ្លាំង ដ៏ធំសម្បើមមួយពាក់ព័ន្ធទៅនឹងវិស័យល្បែងស៊ីសង នៅបណ្ដាស្រុកមួយចំនួននៅខេត្តត្បូងឃ្មុំដូចជាស្រុកមេមត់ និងស្រុកពញាក្រែកជាដើម។
បុរសដែលឈ្មោះតាលឹម បានបដិសេធតាមបណ្ដាញទូរសព្ទថា លោកមិនដឹងអំពីបញ្ហាល្បែងស៊ីសងនោះទេ។ ជាងនេះទៅទៀតលោកក៏បានបដិសេធផងដែរអំពីបញ្ហានៃអំពើហិង្សាដែលក្រុមអ្នកកាងល្បែងបានវាយលើអ្នកកាសែតនោះ។
លោកយ៉េន ស៊ីថា អធិការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ប្រាប់អ្នកកាសែតនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៥នេះថា លោកមិនបានដឹងអំពីបញ្ហានៃអំពើហិង្សា ដែលក្រុមពួកអ្នកកាងល្បែងវ៉ៃអ្នក កាសែតនោះទេ។ លោកអធិការរង អំពាវនាវឲ្យអ្នកកាសែតដាក់ពាក់បណ្ដឹងជាផ្លូវការដើម្បីរកយុត្តិធម៌។ ជាមួយគ្នាលោកអធិការរងបានទទួលស្គាល់ថា ទីតាំងដែលអ្នកកាសែតរាយការណ៍នោះ ពិតជាមានលេង ល្បែងស៊ីសងមែន។
បញ្ហាល្បែងស៊ីសងនៃក្រុមតាលឹម ត្រូវប្រជាពលរដ្ឋនៅ ក្នុងតំបន់នោះប្រាប់ថា កំពុងញាំញីសហគមន៍និងការ រស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ រីឯអាជ្ញាធរ ហាក់ ដូចជាមិនបានប្រឹងប្រែងកាត់បន្ថយសេចក្តីកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងល្បែងស៊ីសងនោះបានឡើយ។បុគ្គលថៅកែល្បែងនេះ ប្រជាពលរដ្ឋភាគច្រើននៅស្រុកមេមត់និងស្រុកពញ្ញាក្រែកសុទ្ធតែដឹង។ ប៉ុន្តែមិនដឹងថាតើអាជ្ញាធរមានសមត្ថកិច្ចបានដឹងអំពីថៅកែល្បែងឈ្មោះតាលីមនោះដែរឬទេ?៕


