ចៅអធិការវត្តចែងម៉ែងភ័យញ័រដៃញ័រជើង ពេលអ្នកកាសែតសួររឿងបាត់ព្រះ កាលពី២ឆ្នាំមុន

ចៅអធិការវត្តចែងម៉ែងភ័យញ័រដៃញ័រជើង ពេលអ្នកកាសែតសួររឿងបាត់ព្រះ កាលពី២ឆ្នាំមុន

ខេត្តកណ្ដាល ៖ព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៦ ក្រុមអ្នកកាសែតបានចុះទៅដល់វត្តចែងម៉ែង ស្ថិតក្នុងភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ដើម្បីសិក្សាឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ ករណីបាត់ព្រះអង្គខ្មៅ១អង្គកាលពីវេលាម៉ោង១០ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កន្លងមកនោះ។ វត្តមានរបស់អ្នកកាសែតមិនជាទីពេញចិត្ត របស់ចៅអធិការវត្តនោះទេ បណ្ដាលឲ្យព្រះអង្គឈឹម កេតមានអារម្មណ៍ ដូចមាន់រកពងជ្រួលច្រាលនិមន្តចុះឡើង ហើយប្រាប់អ្នកកាសែតថាព្រះអង្គមិនស្រួលពោះ ក៏ប្រុងដើរទៅបន្ទប់ទឹក ហើយក៏ទាញទូរសព្ទហៅតាមឆាតរកប្រធានភូមិ និងមន្ត្រីនគរបាល។

ក្នុងអារម្មណ៍ភិតភ័យញ័រដៃញ័រជើង,ចៅអធិការវត្តចែង ម៉ែង ព្រះនាមព្រះតេជគុណឈឹម កេត បានធូរអារម្មណ៍បន្តិច នៅពេលដែលវត្តមានលោកប្រធានភូមិ និងមន្ត្រីនគរបាលមូលដ្ឋាន បានជិះម៉ូតូនិងរថយន្តចូលមកដល់ជាបន្តបន្ទាប់។ 

ប្រធានភូមិព្រៃចំការមិនប្រាប់ឈ្មោះនោះទេ ដោយសំអាងថាមិនផ្ដល់បទសម្ភាសន៍ និងគ្មានភាពចាំបាច់ ប៉ុន្តែបានអះអាងពីប្រវត្តិព្រះដែលបាត់នោះ និងបញ្ជាក់ដដែលៗថា ព្រះដែលបាត់នោះមិនមែនជាព្រះអង្គសំរឹទ្ធិទេ។ ទាំងចៅ អធិការវត្ត និងលោកប្រធានភូមិព្រៃចម្ការ បានបញ្ជាក់របៀបជាសត្វសេក ដែលទន្ទេញចាំមាត់ថា ព្រះដែលបាត់នោះមិនមែនធ្វើពីសំរឹទ្ធិទេ ហើយបាល្ល័ង្គព្រះនោះក៏មិនបាត់ដែរ។ អ្វីដែលជាចំណុចគួរឲ្យចាប់ អារម្មណ៍ទៀតនោះទាំងប្រធានភូមិ និងចៅអធិការវត្ត បានបញ្ជាក់ចំណុចថ្មីមួយថា វត្តនេះគ្មានកាមេរ៉ាសុវត្ថិភាពនោះទេ។

នៅពេលដែលមានការលើកឡើងអំពីចំណុចដែល “ប្រជាពលរដ្ឋ”សំណូមពរឲ្យមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅនោះ ទាំងប្រធានភូមិ និងចៅអធិការវត្តសួរត្រឡប់ទៅអ្នកកាសែតវិញថា តើប្រជាពលរដ្ឋណា? ចង់ឲ្យមានការស៊ើបអង្កេតសួរនាំអំពីបញ្ហានេះ?

មន្ត្រីនគរបាលដែលបង្ហាញវត្តមាន ដោយរថយន្តមានសរសេរអក្សរ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៅ ក្នុងវត្តដឹកនាំដោយលោក សល់ ចិត្រា បានបញ្ជាក់ថាក្រុមរបស់លោកមានគ្នា៣នាក់ ចូលមកវត្តនេះមិនមែនតាមការអញ្ជើញរបស់ចៅអធិការវត្តទេ ប៉ុន្តែគ្រាន់តែចូលមកដើម្បីឃ្លាំមើលសភាពការណ៍ប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈឆាតទូរសព្ទ ព្រះអង្គឈឹម កេត ចៅអធិការវត្តបានអញ្ជើញ មេៗ មកវត្តព្រោះមានអ្នកកាសែតមកសួរនាំ។

ពាក់ព័ន្ធនឹងការបាត់ព្រះអង្គខ្មៅ កាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ ដែលព្រះអង្គឈឹម កេត ចៅអធិការវត្តចែងម៉ែង ធ្លាប់ប្រាប់អ្នកកាសែតថាសំណុំរឿងនេះត្រូវបានបិទហើយនោះ ពេលនេះព្រះអង្គបញ្ជាក់ត្រឡប់មកវិញថា ករណីនេះមិនមែនអាជ្ញាធរបិទការស៊ើបអង្កេតស្រាវជ្រាវទេ ប៉ុន្តែគឺព្រះអង្គទេដែលជាអ្នកបិទ,ពីព្រោះអស់លុយច្រើន។ ព្រះចៅអធិការវត្តបានសង្កត់ ធ្ងន់ថា រឿងនេះសូមទៅសួរអនុគណ ឬព្រះមេគណខេត្ត ឬស្ថាប័នមានសមត្ថកិច្ចទើបដឹងរឿងច្បាស់ ព្រះអង្គមិនអាចបំភ្លឺបានទេ ដោយអនុគណ មិនអនុញ្ញាតឲ្យអាត្មាបំភ្លឺជាមួយអ្នកសារព័ត៌មានទៀតទេ។

តែគេមិនដឹងថា តើព្រះអង្គបិទសំណុំរឿងនេះក៏ព្រោះអ្វីទេ ហើយព្រះអង្គចំណាយទៅលើអ្វីខ្លះដែលថាអស់លុយច្រើន ក្នុងការស៊ើបអង្កេតករណីបាត់ព្រះនេះ?

នៅមានចំណុចគួរឲ្យមន្ទិលសង្ស័យជាច្រើន ដែលបានបង្ហាញឡើងនៅក្នុងវត្តចែងម៉ែងដ៏ស្ងាត់ជ្រងំ គ្មានអាចារ្យអ្នកទទួលខុសត្រូវនោះទេ។ ប្រជាពលរដ្ឋពុទ្ធបរិស័ទក៏ដូច ជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានឃើញព័ត៌មានស្តីអំពីបញ្ហាបាត់ព្រះនេះ ហាក់ដូចជាមានមន្ទិលដែលតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតឲ្យបានសុីជម្រៅច្បាស់លាស់៕

img 20260428 162754 989 img 20260428 162755 005 img 20260428 162754 827 img 20260428 162754 461 img 20260428 162754 195 img 20260428 160822 392 img 20260428 160821 795 img 20260428 160821 989 img 20260428 160821 680 img 20260428 160822 043 img 20260428 160822 300 img 20260428 160821 746 img 20260428 160822 258 img 20260428 162754 601 img 20260428 162754 667

 

Scroll to Top