សំណង់អត់ច្បាប់កែងផ្លូវ២០៥ និងការដ្ឋានឃ្លាំង ក្នុងភូមិក្រពើហាកើត បន្តសាងសង់កណ្ដាលក្រុងតាខ្មៅ!លិខិតផ្អាកគ្មានតម្លៃឬយ៉ាងណា?

សំណង់អត់ច្បាប់កែងផ្លូវ២០៥ និងការដ្ឋានឃ្លាំង ក្នុងភូមិក្រពើហាកើត បន្តសាងសង់កណ្ដាលក្រុងតាខ្មៅ!លិខិតផ្អាកគ្មានតម្លៃឬយ៉ាងណា?

ខេត្តកណ្តាល៖ ក្រុងតាខ្មៅ ដែលជាគ្រោងការអភិវឌ្ឍន៍សំខាន់មួយនៃខេត្តកណ្ដាល កំពុងប្រឈមមុខនឹងបញ្ហាសំណង់អត់ច្បាប់០២ករណី ដែលបង្កឲ្យមានការព្រួយបារម្ភពីសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងភាពគោរពច្បាប់។ សំណង់ស្ថិតនៅកែងផ្លូវលេខ២០៥ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ និងការដ្ឋានឃ្លាំងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ត្រូវបានរាយការណ៍ថា បន្តសាងសង់ទាំងមានលិខិតបញ្ជាឲ្យផ្អាកពីរដ្ឋបាលក្រុងតាខ្មៅ ក៏ដោយ។

យោងតាមលិខិតផ្អាកការដ្ឋាន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលក្រុងតាខ្មៅបានបញ្ជាក់ច្បាស់ថា ម្ចាស់សំណង់ឈ្មោះ ហួ វណ្ណារិទ្ធិ និងនាង គ្រី សុបញ្ញា បានអនុវត្តសកម្មភាពរុះរើ ជួសជុល និងសាងសង់ឡើងវិញដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ព្រមទាំងគ្មានកិច្ចសន្យាជាប់ព្រំដី។ ទោះជាយ៉ាងណា ការអនុវត្តនៅលើទីតាំងជាក់ស្តែងបង្ហាញថា ការសាងសង់មិនត្រូវបានផ្អាកឡើយ។

យោងតាមលិខិតផ្អាកការដ្ឋាន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលក្រុងតាខ្មៅ បញ្ជាក់យ៉ាងច្បាស់ថា

ឈ្មោះឈុន គា ដែលបានសាងសង់ការដ្ឋានអគារឃ្លាំងទំហំ(២៣.៨០×៥០.០០)ម៉ែត្រ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី បានកំពង់សាងសង់

ដោយគ្មានលិខិតអនុញ្ញាតសាងសង់ ពីសមត្ថកិច្ចជំនាញ និងគ្មានកិច្ចសន្យាជាប់ព្រំ ដូច្នេះការដ្ឋានសំណង់ ត្រូវធ្វើការផ្អាកការដ្ឋានចាប់ពីថ្ងៃចេញលិខិតនេះតទៅ ក្នុងករណីការដ្ឋាន មិនបានអនុវត្តតាមទេ រដ្ឋបាលក្រុងតាខ្មៅ និងចាត់វិធានការតាមអនុក្រឹត្យលេខ២២៤ ហើយបញ្ជូនសំណុំឯកសារទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ប្រភពពីមន្ត្រីសង្កាត់បានបង្ហើបថា ម្ចាស់សំណង់មិនត្រឹមតែមិនសហការជាមួយអាជ្ញាធរ ប៉ុន្តែថែមទាំងបង្ហាញអាកប្បកិរិយាមិនគោរព និងមិនយកចិត្តទុកដាក់ចំពោះបទបញ្ជាផ្លូវការ។ ការអះអាងថា « បានសុំអនុញ្ញាតពីចៅសង្កាត់រួចហើយ» ក៏ត្រូវបានច្រានចោលដោយប្រភពដដែលថា មិនត្រូវ នឹងនីតិវិធីច្បាប់ពិតប្រាកដឡើយ។

តាមច្បាប់ស្តីពីសំណង់ ដែលប្រកាសឲ្យប្រើនៅឆ្នាំ២០១៩ ការសាងសង់គ្រប់ប្រភេទត្រូវតែមានលិខិតអនុញ្ញាតជាមុន ហើយត្រូវគោរពតាមស្តង់ដារ បច្ចេកទេស និងនីតិវិធីពាក់ព័ន្ធ។ ករណីមិនអនុវត្ត អាជ្ញាធរមានសិទ្ធិអនុវត្តវិធានការតាមអនុក្រឹត្យលេខ២២៤ រួមទាំងការបញ្ជូនទៅតុលាការ។

បញ្ហាសំខាន់មិនត្រឹមតែស្ថិតនៅលើម្ចាស់សំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជនចំពោះការអនុវត្តច្បាប់។ ប្រសិនបើការបំពានបន្តកើតមានដោយគ្មានវិធានការតឹងរ៉ឹង នោះវាអាចបង្កើតជាគំរូអវិជ្ជមាន ដែលលើកទឹកចិត្តឲ្យមានការរំលោភច្បាប់បន្ថែមទៀត។

មហាជនបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរតែចេញវិធានការច្បាស់លាស់ និងអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីធានាថា ច្បាប់ត្រូវបានគោរពដោយគ្មានការលើកលែង។ ព្រមទាំងត្រូវបង្កើនតម្លាភាពក្នុងការផ្តល់អាជ្ញាប័ណ្ណ និងការត្រួតពិនិត្យ ដើម្បីបង្ការការយល់ច្រឡំ ឬការអះអាងមិនត្រឹមត្រូវពីភាគីណាមួយ។

សំណង់មួយអាចមើលទៅជាបញ្ហាតូច ប៉ុន្តែបើគ្មានការគ្រប់គ្រងត្រឹមត្រូវ វាអាចប៉ះពាល់ដល់រចនាសម្ព័ន្ធសង្គមទាំងមូល។ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនអាចបំបែកចេញពីការគោរពច្បាប់បានឡើយ។

សូមបញ្ជាក់ពាក់ព័ន្ធនិងករណីសំណង់ឥតច្បាប់ខាងលើលោកឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅបានត្រឹមតែថ្លែងប្រាប់អ្នកសារព័ត៌មានថា ចាំឱ្យមន្ត្រីចុះទៅមើលតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីសំណង់អត់ញញើតលិខិតផ្អាកខាងលើ សាធារណជនអំពាវនាវឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យ និងដាក់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងផង៕

img 20260425 192535 102 img 20260425 185655 113 img 20260425 091222 819 960x580 20260424 091324 videocapture 20260424 103609 img 20260423 173128 751 20260423 170848

Scroll to Top