ខេត្តកណ្ដាល៖ បន្ទាប់ពីគេហទំព័រយើងខ្ញុំផ្សព្វផ្សាយអំពីករណីការដ្ឋានឃ្លាំង១កន្លែង នៅក្រុងតាខ្មៅដំណើរការដោយគ្មានគោរពតាមច្បាប់ទម្លាប់ របស់ប្រទេសជាតិនោះអាជ្ញាធររដ្ឋបាលក្រុងតាខ្មៅ ក៏បានចេញលិខិតផ្អាកសកម្មភាពទាំងស្រុង។ នៅវេលារសៀលថ្ងៃទី២៣ ខែ មេសា គេឃើញលិខិតផ្អាក បិទភ្ជាប់នៅនឹងរបងជញ្ជាំងការដ្ឋាន។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ខែមេសានេះ លិខិតជូន ដំណឹងផ្អាក ដែលចុះហត្ថលេខា និងបោះត្រាក្រហមដោយរដ្ឋបាលក្រុងតាខ្មៅនោះ ត្រូវបានហែកបកចោលបោះចូលក្នុងធុងសំរាមទៅហើយ។ រីឯសកម្មភាពការងារក្នុងការដ្ឋានកំពុងដំណើរការ យ៉ាងសស្រាក់សស្រាំជាធម្មតា។
បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋក្រុងតាខ្មៅ ចោទជាសំណួរថា តើអំណាចថៅកែការរដ្ឋានឃ្លាំងខាងលើ ធំជាងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងតាខ្មៅ ឬក៏អំណាចនៃច្បាប់ប្រទេស ដែលអនុវត្តដោយលោកឃឹម សំភារៈអភិបាលក្រុងតាខ្មៅ ខ្សោយជាងឥទ្ធិពលអំណាចឈ្មួញថៅកែឃ្លាំងខាងលើនេះ? រឿងនេះប្រជាពលរដ្ឋ មើលទៅងាយយល់ទេ គឺថា ឈ្មួញថៅកែការដ្ឋាន ឈ្មោះឈុន គា ពិតជាខ្លាំង,ធំជាងច្បាប់ប្រទេស ដោយហ៊ានហែកសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងតាខ្មៅយកទៅដាក់ចូលក្នុងធុងសំរាម ដឹកយកទៅបោះចោលធ្វើព្រងើយ និងម្យ៉ាងទៀតប្រជាពលរដ្ឋមើលឃើញថា កំសោយនៃការ ដឹកនាំរបស់រដ្ឋបាលក្រុងតាខ្មៅ ក៏ធ្វើឲ្យឈ្មួញជាន់ឈ្លឺច្បាប់ប្រទេសជាតិផងដែរ។
ព្រឹកថ្ងៃទី២៤ខែមេសានេះ លោក ឃឹម សំភារ អភិបាល ក្រុងតាខ្មៅ មិនឆ្លើយតបវែងឆ្ងាយជាមួយអ្នកកាសែតនោះទេដោយគ្រាន់តែបញ្ជាក់ថា បានប្រគល់កិច្ចការនេះទៅឲ្យមន្ត្រីជំនាញភូមិបាលក្រុងជាអ្នកចាត់ការហើយ។
លោកនូ សឹង្ហបា ប្រធានភូមិបាលក្រុងតាខ្មៅ ប្រាប់អ្នក កាសែតនៅព្រឹកថ្ងៃទី២៤ខែមេសានេះថា” សុំសួរទៅខាងគណៈអភិបាលក្រុង,យើងបានឃាត់ហើយ រីឯរឿងម្ចាស់សំណង់ គាត់ទៅបកអីរបៀបម៉េចនោះ,ចាំខ្ញុំឱ្យមន្ត្រីចុះទៅពិនិត្យទៀត”។
ស្ដាប់ការឆ្លើយតបទាំងមន្ត្រីជំនាញ និងរដ្ឋបាលក្រុងតាខ្មៅជាមួយអ្នកកាសែត ធ្វើឲ្យប្រជាពលរដ្ឋមើលឃើញថា គឺអាជ្ញាធរទេដែលខ្សោយ បណ្ដោយឱ្យថៅកែការដ្ឋានល្មើសច្បាប់មួយនេះ ធ្វើអ្វីស្រេចតែនឹងចិត្ត។ ល្មើសច្បាប់ហើយនៅបន្តបំពាន,បន្តគឃ្លើនហែកលិខិតជូនដំណឹងរបស់រដ្ឋបាលក្រុងតាខ្មៅទៀត(!)។ រីឯអាជ្ញាធរ និងស្ថាប័នជំនាញក៏ចាត់ទុកក្រដាស១សន្លឹកដែលមានបោះត្រា និងហត្ថលេខានោះ គឺជាសំរាមសម្រាប់ឲ្យថៅកែសំណង់ខ្ចប់សំរាមបោះចោលតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២៦ លោកឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានចេញលិខិត១ ច្បាប់ ដោយបិទភ្ជាប់ នឹងរបងការដ្ឋានដែលមានខ្លឹមសារថា ជូនចំពោះលោក ឈ្មោះ ឈុន គា ដែលបានសាង សង់ការដ្ឋានអគារឃ្លាំងទំហំ(២៣.៨០០៥០.០០) ម៉ែត្រ ចំនួន ០១ កន្លែង មានចំណុចនិយាមកា UTM (X= 493705,Y=1268772) ដែលមានក្បាលដីលេខ ០៨១១០២០៤-០៩៣៣ ស្ថិត នៅផ្លូវជាតិលេខ២ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានកំពុងសាងសង់ ដោយគ្មានលិខិត អនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ និងគ្មានកិច្ច សន្យាជាប់ព្រំ។ ដូច្នេះការដ្ឋានសំណង់របស់លោកអ្នក ត្រូវធ្វើការផ្អាកការដ្ឋានចាប់ពីថ្ងៃចេញលិខិតនេះតទៅ។ ក្នុងករណីការដ្ឋានរបស់លោកអ្នកមិនបានអនុវត្តតាមទេ រដ្ឋបាលក្រុងតាខ្មៅ នឹងចាត់វិធានការតាមអនុក្រឹត្យលេខ ២២៤ ហើយបញ្ជូនសំណុំឯកសារទៅតុលាការដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕


