ខេត្តតាកែវ៖ ករណីបាត់បង់ដើមអាកាស្យ៉ាជាច្រើននៅតំបន់កសិទេសចរហ៊ុនសែនភ្នំជីសូរ កំពុងបង្កឲ្យមានការចាប់អារម្មណ៍ និងសំណួរច្រើនពីសាធារណជន ពាក់ព័ន្ធនឹងអ្នកទទួលខុសត្រូវ ការលក់ឈើ និងការគ្រប់គ្រងប្រាក់ចំណូលពីធនធានធម្មជាតិទាំងនេះ។
បញ្ហានេះត្រូវបានលើកឡើង បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានចេញមតិឆ្ងល់ថា តើនរណាជាអ្នកទទួលខុសត្រូវលើការកាប់ដើមអាកាស្យ៉ាទាំងនោះ? ឈើត្រូវបាននាំទៅលក់ទីណា? ទទួលបានប្រាក់ប៉ុន្មាន? ហើយប្រាក់ចំណូលត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?
ជាការឆ្លើយតប មហាជនមួយចំនួនបានលើកឡើងថា មានបុគ្គលពីររូប ដែលត្រូវបានគេសង្ស័យថាពាក់ព័ន្ធក្នុងសកម្មភាពនេះ គឺឈ្មោះ ជា បូរិទ្ធ ដែលមានមុខរបរមិនច្បាស់លាស់ និងរស់នៅភាគខាងលិចភ្នំជីសូរ និងលោក ជឹម សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាស្រុកសំរោង ដែលត្រូវបានគេចាត់ទុកថា ជាអ្នកចាត់ចែង និងរត់ការកាប់លក់ឈើអាកាស្យ៉ានៅតំបន់ខាងលើ។
ប្រភពដដែលបានបន្ថែមថា លោក ជឹម សុវណ្ណរិទ្ធ អាចមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមន្ត្រីមួយចំនួនក្នុងតំបន់ និងត្រូវបានសង្ស័យថា មានតួនាទីជាជំនួយការ ឬអ្នកសម្របសម្រួល ក្នុងសកម្មភាពខាងលើផងដែរ។ ទោះជាយ៉ាងណា ការចោទប្រកាន់ទាំងនេះមិនទាន់មានការបញ្ជាក់ផ្លូវការពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។
មហាជនបានលើកឡើងថា បើសិនជាអត្តសញ្ញាណបុគ្គលពាក់ព័ន្ធត្រូវបានគេស្គាល់ច្បាស់រួចហើយ អាជ្ញាធរមិនគួរចំណាយពេលយូរ នៅក្នុងការស្រាវជ្រាវនោះទេ ប៉ុន្តែគួរតែហៅមកសួរនាំ ដើម្បីបង្ហាញការពិតជូនសាធារណជន។
សូមរំលឹកថា តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី នៅក្នុងឆ្នាំ១៩៩៥-១៩៩៦ លោកធ្លាប់ចូលរួមអភិវឌ្ឍតំបន់ភ្នំជីសូរ ដោយដាំដើមអាកាស្យ៉ាចំនួនជាង ៦០,០០០ ដើម។ ប៉ុន្តែការចុះពិនិត្យថ្មីៗនេះ បានបង្ហាញថា ដើមឈើជាច្រើនបានបាត់បង់ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការគ្រប់គ្រងធនធានធម្មជាតិ។
ក្នុងន័យនេះ សាធារណជនបានអំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចេញមុខបកស្រាយ និងធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីធានាបាននូវតម្លាភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍតំបន់ទេសចរណ៍ឲ្យមានប្រសិទ្ធភាព និងចីរភាព៕


