ខេត្តតាកែវ ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤និង០០នាទីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការសំខាន់មួយ ស្តីពីការបំពាក់ និងអនុវត្តប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជំហានទី២ តាមប្រព័ន្ធអនឡាញ Zoom Meetings។
កិច្ចប្រជុំនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ រួមទាំងប្រធាន អនុប្រធាននាយកដ្ឋាន ក្រុមការងារផ្តល់ទិដ្ឋាការ និងមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចំណុះនាយកដ្ឋានច្រកទ្វារទី១ និងទី២ ទូទាំងប្រទេស។
នៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមប្រជុំដើម្បីទទួលបានការណែនាំបច្ចេកទេស និងយុទ្ធសាស្ត្រថ្មីៗ សម្រាប់អនុវត្តប្រព័ន្ធ CBMS (TMS MOBILE) ឱ្យមានប្រសិទ្ធភាពខ្ពស់។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីត្រៀមសាកល្បងបញ្ឈប់ការប្រើប្រាស់ “ទិដ្ឋាការស្អិត” ដែលធ្លាប់ប្រើប្រាស់ជាទូទៅ មកផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើបវិញ ដែលអាចធានាបាននូវភាពរហ័ស រឹងមាំ និងមានតម្លាភាពក្នុងការគ្រប់គ្រងចលនាចេញ-ចូលព្រំដែន។
ការអនុវត្តប្រព័ន្ធ CBMS ជំហានទី២ នេះ ត្រូវបានគេចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការធ្វើទំនើបកម្មវិស័យអន្តោប្រវេសន៍កម្ពុជា ស្របតាមនិន្នាការឌីជីថល និងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន។ ប្រព័ន្ធថ្មីនេះនឹងជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយពេលវេលារង់ចាំរបស់ភ្ញៀវ និងទប់ស្កាត់ហានិភ័យពាក់ព័ន្ធនឹងសន្តិសុខជាតិ និងបទល្មើសឆ្លងដែន។
ជាមួយគ្នានេះដែរ មន្ត្រីនគរបាលទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងការសហការគ្នា ដើម្បីធានាថា ការផ្លាស់ប្តូរទៅប្រព័ន្ធឌីជីថលថ្មីនេះ អាចអនុវត្តបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត។
កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងព្រំដែន ឱ្យទាន់សម័យ សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕


