កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ យ៉ាងអធិកអធម នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណ មុខសាលាខេត្តកំពង់ចាម ។
ស្ថិតក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមស្រុក នៅឆ្នាំនេះ គឺបានផ្សារភ្ជាប់នូវមនោសញ្ចេតនារឭកនឹកដល់គុណូបការៈចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ ដែលបានលះបង់
សេចក្តីសុខផ្ទាល់ខ្លួន បូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជារបាំងការពារបូរណភាពទឹកដី ការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជន។
លោកអភិបាលរងខេត្ត បន្តថា អម្បាញ់ម៉ិញនេះ ក្នុងការចាប់ផ្ដើមក្បួនដង្ហែរបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម យើងបានឮការប្រគុំបទចម្រៀង “គន់មើលទៅមេឃ ហើយនៅចំពោះមុខយើងនៅវេទិកានេះ ក៏មាន ផ្ទាំងបដាចរិករូបភាព និងអត្ថន័យខ្លឹមសាររឭក ដឹងគុណចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជន នៅតាមបណ្តាស្តង់តាំងពិព័រណ៍ក៏មានតាំងបដាដែលមានខ្លឹមសារដូចគ្នា ហើយវាជាសារយ៉ាងច្បាស់លាស់ថា ពួកយើងអាចមានសេក្តីសុខសប្បាយនៅខាងក្រោយនេះក៏ដោយសារវីរភាពរបស់ថ្នាក់ដឹកនាំ និងយុទ្ធជនជួរមុខ។ ហើយវាក៏បញ្ជាក់ថា សន្តិភាព មិនមែនកើតឡើងដោយឯកឯងនោះទេ ហើយវាក៏មិនមែនជារបស់ដែលមិនចេះបាត់បង់នោះដែរ។ ផ្ទុយមកវិញសន្តិភាព គឺជារបស់ដែលយើងត្រូវរួមគ្នាថែរក្សា រួមគ្នាការពារ ហើយពាក្យ អរគុណសន្តិភាព ត្រូវតែនាំគ្នាលើកកម្ពស់ជាប់ជាប្រចាំ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ផងដែរថា បើទោះបីស្ថានការនៅតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពផុយស្រួយ ប៉ុន្តែដោយមានការអនុញ្ញាតពី សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមបានសម្រេចរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមបណ្តាស្រុក ក្នុងន័យថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើងផង និងដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។
ឯកឧត្តមអភិបាលខេត្តបន្តថា លើសពីនេះ ការរៀបចំសង្ក្រាន្តកំពង់ចាមនិយាយដោយឡែក និងនិយាយជារួមសម្រាប់ការរៀបចំសង្ក្រាន្តទូទាំងប្រទេស គឺមានបង្កប់អត្ថន័យទាំងបច្ចេកទេស និងនយោបាយ ៖
*ទី១ ៖ អត្ថន័យជាបច្ចេកទេស គឺជាការជំរុញចលនាប្រជាជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញមកទស្សនាលេងកម្សាន្តព្រឹត្តិការណ៍សង្ក្រាន្ត ដែលនឹងបង្កើតឲ្យមានលំហូរចំណូលចំណាយថវិកា គាំទ្រដល់ការជំរុញចរន្តសេដ្ឋកិច្ចរបស់ខេត្ត និងប្រទេសជាតិទាំងមូល ឲ្យរស់រវើក និងសកម្ម។
*ទី២ ៖ អត្ថន័យជានយោបាយ គឺចង់បង្ហាញទៅដល់ពិភពលោកថា កម្ពុជាទាំងថ្នាក់ដឹកនាំ និងប្រជាជន គឺជាអ្នកស្រឡាញ់សន្តិភាព ! យើងខិតខំបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលវាពិតជាផ្ទុយទៅនឹងការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជាថា ជាអ្នកបង្កសង្គ្រាមមុន។ ចំណុចទីពីរនេះទៀតសោត ក៏ចង់បង្ហាញផងដែរថា កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវមោះមុតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរឹងមាំជានិច្ច មិនអាចធ្លាក់ខ្សោយដូចដែលភាគីកងទ័ពថៃចង់បានឡើយ ពោលគឺ កងទ័ពកម្ពុជានៅតែរឹងមាំ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ សាមគ្គីភាពជាតិខ្មែរ នៅតែរឹងមាំ៕


