ខេត្តតាកែវ ៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦។
ពិធីបិទនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅទីលានកីឡាបាល់ទាត់សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា គ្រូបង្រៀន សិស្សានុសិស្ស និងភាគីពាក់ព័ន្ធជាច្រើន។
ការប្រកួតនេះមានគោលបំណងលើកស្ទួយវិស័យកីឡានៅក្នុងសាលារៀន បង្កើនសមត្ថភាពកីឡាករ-កីឡាការិនី និងជ្រើសរើសកីឡាករឆ្នើមតំណាងខេត្ត ដើម្បីចូលរួមប្រកួតនៅថ្នាក់ខ្ពស់បន្តទៀត។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ក្រុមឈ្នះបានទទួលពានរង្វាន់ និងវិញ្ញាបនបត្រ ជាការលើកទឹកចិត្តចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ពួកគេ។
ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីសាមគ្គីភាព ការរួបរួម និងវិញ្ញាសារកីឡា របស់សិស្សានុសិស្សនៅក្នុងខេត្តផងដែរ៕


