ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល

ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍ នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។

ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថលនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូល។ ការអនុវត្តតាមប្រព័ន្ធនេះ បានជួយឱ្យរដ្ឋបាលខេត្តអាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធ ដែលជួយកាត់បន្ថយការយឺតយ៉ាវ និងជំរុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រព័ន្ធអនឡាញបានជួយឱ្យមន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយ កាត់បន្ថយការងាររដ្ឋបាលដែលស្មុគស្មាញដោយដៃ ។ ការកត់ត្រាក្នុងសៀវភៅបញ្ជីត្រូវបានជំនួសដោយប្រព័ន្ធឌីជីថល ដែលជួយឱ្យការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារមានភាពរហ័ស និងត្រឹមត្រូវខ្ពស់ បញ្ចៀសបាននូវកំហុសអចេតនានានា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយរដ្ឋបាលខេត្ត ទៅជារដ្ឋបាលឌីជីថលដ៏មានសក្តានុពល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

img 20260318 170110 509 img 20260318 170110 708 img 20260318 170110 695 img 20260318 170110 341 img 20260318 170111 191 img 20260318 170110 481 img 20260318 170111 110 img 20260318 170110 452

 

Scroll to Top