ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់នៅ៣គោលដៅផ្សេងគ្នា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតថ្នាំញៀនសរុបជាង ១.១៥គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖ ហម ផារិទ្ធ, បុទ្ធិ ទិត្យបញ្ញា (ហៅ ញ្ញា) និង បុទ្ធិ ស័ក្កសេនា (ហៅ តុ) ព្រមទាំងដកហូតបានថ្នាំញៀន ៩កញ្ចប់ ទម្ងន់សរុបប្រមាណ ១,១៥៥.៦០ក្រាម ទូរសព្ទដៃ ៣គ្រឿង ម៉ូតូ ១គ្រឿង ជញ្ជីងថ្លឹង និងឧបករណ៍សេពមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន (+) និងបានសារភាពថា ថ្នាំញៀនទាំងនេះជារបស់ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ អែម កុសល់ ដែលកំពុងរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕


