រដ្ឋបាលស្រុកបាធាយភ្ញាក់ ដូចគេជះទឹក១ប៉ោតចំមុខ ករណីជនខិលខូចលួចសង់សំណង់រឹងមាំ ចូលទន្លេរក្បែរច្រមុះ

រដ្ឋបាលស្រុកបាធាយភ្ញាក់ ដូចគេជះទឹក១ប៉ោតចំមុខ ករណីជនខិលខូចលួចសង់សំណង់រឹងមាំ ចូលទន្លេរក្បែរច្រមុះ

ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុកបាធាយ បានចេញសេចក្តីបំភ្លឺបែបតក់ក្រហល់មួយ បន្ទាប់ពីបណ្ដាញព័ត៌មានក្នុងស្រុកផ្សព្វផ្សាយអំពីករណីជនខិលខូចលួចសង់សំណង់រឹងមាំចូលទន្លេ ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ដែលនៅមិនឆ្ងាយពីទីតាំងសាលាស្រុកនោះឡើយ។ បើតាមភូមិសាស្ត្រនៃបទល្មើសនេះត្រូវគេគិតថា មិនឆ្ងាយពីសាលាស្រុកនោះឡើយ។ ហេតុអ្វីអាជ្ញាធរស្រុកមិនដឹង និងសម្ដែងការភ្ញាក់ផ្អើល ពេលដែលបណ្ដាញព័ត៌មានក្នុងស្រុកផ្សព្វផ្សាយនោះ?

បើទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលស្រុកបាធាយបានចេញសេចក្តីបំភ្លឺមួយកាលពីថ្ងៃទី០៦ខែមីនានេះ ដោយ មានសេចក្តីថា

រដ្ឋបាលស្រុកបាធាយ មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា នៅថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មានសារពត៌មានសង្គម (កម្ពុជាឈ្នះ) បានផ្សព្វផ្សាយពីការចាក់អាចម៍ដី និងការសាងសង់សំណង់ ចូល ទៅក្នុងទន្លេស្ថិតនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយពីទទួលបានពត៌មាន រដ្ឋបាលស្រុកបាធាយ បានដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងដីផ្ទាល់ ជាក់ ស្តែងជាលទ្ធផលឃើញថា៖

១-មានអាចម៍ដីបានចាក់ចូលទៅក្នុងទន្លេលើសពីដីដែលអាស្រ័យផលទំហំទទឹង២៤ម៉ែត្របណ្តោយប្រវែង ១៨ម៉ែត្រ

២-មានសាងសង់របងបេតុងរឹងមាំ ដែលសាងសង់ដើម្បីទប់អាចម៍ដី ដែលបានចាក់

៣-ការចាក់អាចម៍ដី និងការសាងសង់របងបេតុងនេះ គឺមិនបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរពាក់ ព័ន្ធឡើយ។

ក្រោយពីបានត្រួតពិនិត្យ និងធ្វើការវាយតម្លៃ រដ្ឋបាលស្រុកបានដាក់ចេញវិធានការដូចខាងក្រោម៖

-ម្ចាស់ទីតាំងដីត្រូវតែធ្វើការកាយអាចម៍ដី និងរុះរើរបងបេតុងចេញឱ្យអស់ពីទន្លេ ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

-ប្រសិនបើម្ចាស់ទីតាំងដីមិនអនុវត្តតាមវិធានការខាង លើ រដ្ឋបាលស្រុក នឹងចាត់វិធានការតាមផ្លូវច្បាប់។

ដោយឡែករដ្ឋបាលស្រុក សូមបំភ្លឺចំពោះការផ្សាយរបស់សារពត៌មានកម្ពុជាឈ្នះដែលផ្សាយថា បានទំនាក់ទំនង ទៅលោកអភិបាលស្រុកបាធាយ តាមប្រព័ន្ធតេឡេក្រាម (Telegram) តែថា លោកអភិបាលស្រុក បានចូលមើលហើយ មិនឆ្លើយតប។ ករណីនេះគឺមិនពិតប្រាកដទេ ដោយអ្នកសារពត៌មានកម្ពុជាឈ្នះ ទំនាក់ទំនងមិនត្រូវលេខទូរសព្ទប្រព័ន្ធតេឡេក្រាម(Telegram) ។

ករណីនេះរដ្ឋបាលស្រុក ត្រូវបញ្ជាក់អំពីលេខទូរសព្ទរបស់លោកអភិបាលស្រុក មានប៉ុន្មានខ្សែឲ្យជាក់លាក់ដើម្បីឲ្យអ្នកសារព័ត៌មានងាយស្រួលទាក់ទង បានក្នុងភាពប្រាកដប្រជា។

ជាមួយគ្នានោះរដ្ឋបាលស្រុក ក៏បានចេញលិខិតមួយជូនទៅម្ចាស់ទីតាំងដែលល្មើសច្បាប់នោះដោយមានខ្លឹមសារយ៉ាងដូច្នេះថា 

លោកស្រី សារ៉េត ស្រីចាន់រស្មី(ម្ចាស់ទីតាំងដី) និងលោក សេង សារី (អ្នកចាំដី) នៅថ្ងៃសុក្រ ៣រោច ខែ ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់រដ្ឋបាលស្រុកបាធាយ រួមនឹងអាជ្ញាធរឃុំបាធាយ និងអាជ្ញាធរភូមិអូរម៉ាល់ បានទៅចុះត្រួតពនិត្យ ករណីការចាក់អាចម៍ដី និងសាងសង់របងបេតុងនៅលើដីចំណីទន្លេរ នៅលើទីតាំងដែលកំពុងអាស្រ័យផលរបស់ លោកស្រី ស្ថិតនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

បន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃរួចមកឃើញថា អាចម៍ដីបានចាក់ របងបេតុងដែលសាងសង់ ដើម្បីទប់អាចម៍ដី គឺបានចាក់ និងសាងសង់ចូលក្នុងទន្លេដោយលើសពីទំហំដីដែលកំពុងអាស្រ័យផលបច្ចុប្បន្ន ដែលខុសពីច្បាប់របស់ក្រសួងធនធានទឹក និង ឧតុនិយម បានកំណត់ ដូច្នេះសូមលោក លោកស្រី សារ៉េត ស្រីចាន់រស្មី (ម្ចាស់ទីតាំងដី) និងលោក សេង សារី (អ្នកចាំដី) ត្រូវកាយអាចម៍ដី និងរុះរើរបងបេតុង ដែលបានចាក់ និងសាសង់ ចូលទន្លេឱ្យអស់រយៈពេល១៥ ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៦ ជាកំហិត។

ទាំងទិដ្ឋភាពជាក់ស្ដែង ទាំងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបាធាយបង្ហាញឲ្យឃើញអំពីកម្សោយនៃការដឹកនាំនិងគ្រប់គ្រង ពីព្រោះថាបទល្មើសនេះមិននៅឆ្ងាយពីទីតាំងរដ្ឋបាលស្រុក និងជាពិសេសទៅទៀតអាជ្ញាធរត្រូវដឹងអំពីអ្វីដែលបាននឹងកំពុងកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋរង់ចាំមើលថា តើចំណាត់ការរបស់រដ្ឋបាលស្រុកមានប្រសិទ្ធ ភាពចំពោះទីតាំងល្មើសនោះឬយ៉ាងណា គិតត្រឹមថ្ងៃទី ២០ ខែ មីនាខាងមុខ៕

img 20260307 072316 102 img 20260307 074426 212 img 20260307 074419 516 img 20260307 072315 975 img 20260307 072316 138 img 20260307 072316 342

Scroll to Top