អង្គការ Y-Farm ចុះបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ជូនកូនៗពលរដ្ឋភៀសសឹក នៅវត្តចាន់ស៊ី

អង្គការ Y-Farm ចុះបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ជូនកូនៗពលរដ្ឋភៀសសឹក នៅវត្តចាន់ស៊ី

 នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដេីម្បីបង្កេីននូវចំណេះដឹងដល់ពួកគេ បន្ទាប់ពីសាលារៀនរបស់ពួកគេបានបិទទ្វារដើម្បីធានាសុវត្ថិភាព ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

បើតាមលោក ល្វីស (Louis) ហៅពូបារាំង ដែលជាជនជាតិបរទេសម្នាក់ និងបានចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗ ដែលបានភៀសសឹកមកជាមួយឪពុកម្តាយ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានរៀបរាប់ថា៖ «ខ្ញុំមកកន្លែងហ្នឹងព្រោះពួកយើងចង់ជួយអប់រំ ក្មេងៗ និងយុវជន ឱ្យមានចំណេះដឹង ពីព្រោះយើងឃើញអំពីសង្គ្រាមកើតឡើង មានក្មេង និងយុវជន អត់បានចូលរៀន»។

លោក ល្វីស ដែលអាចនិយាយភាសាខ្មែរយ៉ាងច្បាស់រូបនេះ បានបន្តថា ក្រុមការងាររបស់លោក គឺមកបង្រៀនដល់កុមារតូចៗរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងបានបបង្រៀនទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ 

លោក ល្វីស បានសង្កត់ធ្ងន់ថា អនាគតរបស់ក្មេងៗ គឺវែងឆ្ងាយណាស់ ដូច្នេះ ការចូលរួមចំណែកបណ្តុះបណ្តាលដល់ពួកគាត់ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹកនេះ ជាកិច្ចការងារដ៏សំខាន់ ពីព្រោះក្មេងៗ និងយុវជន បោះបង់ចោលការសិក្សានឹងប៉ះពាល់ដល់អនាគតពួកគាត់យ៉ាងធ្ងន់ធ្ងរ។ 

សូមបញ្ជាក់ថា សិស្សានុសិស្សសរុបជាង ១ ៣០០នាក់ កំពុងបន្តស្នាក់នៅ និងកំពុងសិក្សានៅជំរំសុវត្ថិភាពចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានសិស្សជាង ៦០០នាក់ ស្នាក់នៅ និងរៀននៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ក្នុងស្រុកអូរជ្រៅ និងប្រមាណ ៧០០នាក់ នៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោល នៅក្នុងស្រុកថ្មពួក។

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានសាលារៀនបណ្តោះអាសន្ន នៅតាមជំរំភៀសសឹក ដើម្បីឱ្យកុមារៗ បន្តការសិក្សារបស់ខ្លួន។

ប្រភព(AKP) ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)

fb img 1772020770028 fb img 1772020767136 fb img 1772020778550 fb img 1772020781755 fb img 1772020784916 fb img 1772020774613

Scroll to Top