បរិស្ថានខេត្តកំពង់ស្ពឺ ចុះបង្ក្រាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធខុសច្បាប់ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ)

បរិស្ថានខេត្តកំពង់ស្ពឺ ចុះបង្ក្រាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធខុសច្បាប់ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ)

ខេត្តកំពង់ស្ពឺ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបានបង្ក្រាបករណីការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាតនៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមក្រសួងបរិស្ថាន ។

ក្រសួងបានលើកឡើងថា ករណីល្មើសនេះ ប្រព្រឹត្តឡើងដោយអញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ ។

ករណីនេះមន្ត្រីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ចំណុច«ង» និងចំណុច«ឌ»។

ក្រុមការងារបានដកហូតវត្ថុតាងរួមមាន លួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ ដើម ដែក៧៥ គុណនឹង៧៥ គុណនឹង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម ។

ប្រភពបានលើកឡើងថា វត្ថុចាប់យកទាំងអស់ខាងលើត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកមករក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់ ។ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ត្រូវចាត់មន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាមន្ត្រីឧទ្យានុរក្ស បន្តឃ្លាំមើល ស្រាវជ្រាវជនប្រព្រឹត្តបទល្មើស និងបន្តការពារ និងទប់ស្កាត់ កុំឱ្យមានសកម្មភាព បទល្មើសបន្តទៀត ។

សូមបញ្ជាក់ថា បុគ្គលប្រព្រឹត្តល្មើសក្នុងករណីខាងលើនេះនឹងត្រូវចោទតាមមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋក្នុង តំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធ នឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ៕

screenshot 20260211 141857 google screenshot 20260211 141420 facebook screenshot 20260211 141400 facebook screenshot 20260211 141356 facebook screenshot 20260211 141351 facebook screenshot 20260211 141345 facebook

Scroll to Top