ផ្ទុះសាជាថ្មីរឿងដីធ្លីនៅស្រុកជុំគីរី បើសិនចៅហ្វាយខេត្តមិនមានវិធានការទប់ស្កាត់ជាបន្ទាន់!

ផ្ទុះសាជាថ្មីរឿងដីធ្លីនៅស្រុកជុំគីរី បើសិនចៅហ្វាយខេត្តមិនមានវិធានការទប់ស្កាត់ជាបន្ទាន់!

ខេត្តកំពត៖ ក្រោយមានរឿងអាស្រូវជាបន្តបន្ទាប់ករណីឧកញ្ញាជាច្រើនទិញដី លក់ដី អោយពលរដ្ឋនៅក្នុងទឹកដីខេត្តកំពត ដោះស្រាយមិនទាន់ចេញផង។ ឥលូវធ្លាយរឿងថ្មីមួយករណីទៀតហើយ គឺរឿងទិញដីអោយលុយមិនគ្រប់ ក្រុមឈ្មួញចង់ច្បាមយកដីពលរដ្ឋទទេៗស្ថិតនៅក្នុងភូមិព្រៃខ្ចាយ ឃុំកញ្ឆិត ស្រុកជុំគីរី។

យោងតាមប្រភពពីពលរដ្ឋជាង៣០គ្រួសារ ស្ថិតនៅភូមិឃុំខាងលើបានអោយដឹងថា មានក្រុមអ្នកចុះមកទិញដីរបស់ពួកគាត់សរុបជាង៤០ហិចតា ដោយប្រាប់ថាទិញអោយទៅក្រុមហ៊ុន តែគេមិនប្រាប់ឈ្មោះក្រុមហ៊ុននោះឈ្មោះអ្វីទេ គឺគេទិញដើម្បីធ្វើការអភិវឌ្ឃន៏ដោយក្នុង១ម៉ែត្រការេតំលៃ៤ដុល្លារ បើពលរដ្ឋណាចង់លក់ត្រូវទទួលលុយកក់៣០ភាគរយមុន ដោយមិនចាំបាច់ប្រគល់ប្លង់ទេ តែបើពលរដ្ឋណាព្រមប្រគល់ប្លង់ដីអោយក្រុមអ្នកទិញ គឺទទួលបានលុយ៧០ភាគរយមុន។

ក្រុមប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា ពួកគាត់ខ្លះយល់ព្រមលក់ ដោយខ្លះទទួលយក៣០ភាគរយមុនតែបើក្រុមអ្នកទិញចង់បានប្លង់ដីរបស់ពួកគាត់ ត្រូវតែប្រគល់លុយគ្រប់ចំនួន ចំពោះពលរដ្ឋខ្លះទៀតយល់ព្រមទទួលលុយ៧០ភាគរយ និងព្រមប្រគល់ប្លង់អោយទៅក្រុមអ្នកទិញយកទៅរក្សាទុក។

ពលរដ្ឋបានបញ្ជាក់ទៀតថា ក្រុមអ្នកដើរប្រមូលទិញដីរបស់ពួកគាត់ គឺចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥មកម្លេះ រហូតមកដល់ពេលនេះលុយកក់ពលរដ្ឋ៣០ភាគរយក៏មិនបានឃើញ រីឯលុយពលរដ្ឋទទួលបាន៧០ភាគរយដោយនៅខ្វះ៣០ភាគរយទៀតក៏មិនបាន ប្លង់ដីក៏ទៅនៅលើដៃក្រុមអ្នកទិញបាត់អស់ហើយ ដីរបស់ពួកគាត់ក៏គេចាក់ដីថែមទៀត ដល់ពេលពួកគាត់តវ៉ា ក៏លេចមុខក្រុមអ្នកទិញបានមកធ្វើកិច្ចសន្យាខ្យល់ នៅសាលាឃុំកញ្ឆិតដោយមានលោកគយ រុន ជាមេឃុំ ជាសាក្សី តែកិច្ចសន្យាហួសរាប់ខែទៅហើយ ក៏មិនឃើញមានដំណោះស្រាយអ្វីទាំងអស់។

ពាក់ពន្ធ័ករណីខាងលើលោកគយ រុន មេឃុំកញ្ឆិតបានអោយដឹងថា ពលរដ្ឋរស់នៅភូមិពញរៃខ្ចាយគឺពិតជាបានលក់ដីអោយទៅក្រុមហ៊ុនមែន តែលោកក៏មិនស្គាល់ក្រុមហ៊ុននោះឈ្មោះអីដែរនឹង។ គឺរាល់ការលក់ទិញមានកិច្ចសន្យាលិខិតស្នាមចូលរួមតែពលរដ្ឋ លោកជាមេឃុំ និងក្រុមអ្នកដើរទិញ តែមិនមានឈ្មោះក្រុមហ៊ុនទេ ហើយអ្នកដើរប្រមូលទិញ(ហៅថាក្រុមគគ់ជេ)គេគ្រាន់តែនិយាយថាទិញអោយក្រុមហ៊ុនរបស់អ្នកធំ។

នៅពេលដែលអ្នកកាសែតសួរទៅលោកមេឃុំខាងលើថាចុះប្រសិនជាអ្នកដើរទិញបោកប្រាស់ពលរដ្ឋវិញតើលោកមេឃុំគិតយ៉ាមេច? លោកឆ្លើយថាលោកនិងនាំពលរដ្ឋដាក់ពាក្យបណ្ដឹង! តែនៅពេលអ្នកកាសែតសួរប្ដឹងយ៉ាងម៉េច បើលោកមេឃុំមិនស្គាល់ឈ្មោះក្រុមហ៊ុនផង?លោកមេឃុំប្រាប់ថា លោកនិងនាំពលរដ្ឋប្ដឹងអ្នកដែលដើរប្រមូលទិញ! អ្នកកាសែតក៏សួរទៀតថា ចុះបើអ្នកដើរប្រមូលទិញរត់បាត់? លោកមេឃុំយកដៃអេះក្បាលហើយក៏ស្ងៀមបាត់មាត់ទៅ។

ចំណែកលោកស្រីគឹម សុធារី ចៅហ្វាយស្រុកជុំគីរីក្រោយពេលដឹងថាអ្នកកសែតសួរតាមទូរសព្ទ័ លោកស្រីបែរជានិយាយថ្នមៗថាលោកស្រីជាប្រជុំ។

ជាចុងក្រោយពលរដ្ឋដែលរងគ្រោះ បានសំណូមពរដល់លោកម៉ៅ ធនិន្ទ ចៅហ្វាយខេត្តកំពត ជួយបើកការស៊ើបអង្កេតចំពោះក្រុមដែលដើរប្រមូលទិញដី និងឈ្មោះក្រុមហ៊ុនដែល ក្រុមពួកអ្នកគគ់ជេរលើកឡើងថាទិញអោយក្រុមហ៊ុននោះឈ្មោះអ្វី ហើយមានទីតាំងនៅកន្លែងណាអោយពិតប្រាកដ?៕

img 20260211 102611 973 img 20260211 102611 876 img 20260211 102612 028 img 20260211 102612 772 img 20260211 102612 394 img 20260211 102612 375 img 20260211 102612 218 img 20260211 102611 918 img 20260211 102611 949

Scroll to Top