លោកជំទាវពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងពុទ្ធបរិស័ទប្រារព្ធខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក

លោកជំទាវពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងពុទ្ធបរិស័ទប្រារព្ធខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក

ខេត្តកណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រារព្ធកម្មវិធីបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក ។

ពិធីបុណ្យនេះ បានធ្វើឡើងនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ៧-៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៩ និងទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភ្នំឧដុង្គ (ភ្នំអដ្ឋរស្ស) ស្រុកពញាឮ ខេត្តកណ្ដាល ដែលកម្មវិធីនេះ មានការដង្ហែព្រះត្រៃបិដកដ៏ធំមិនធ្លាប់មានពីមុនមក ដោយមានព្រះសង្ឃចូលរួមប្រមាណជាង ១ ៨០០អង្គ ។

សម្រាប់ក្បួនដង្ហែចែកចេញជា ១៥ផែន អមដោយផែនកងកម្លាំងនគរបាល ក្នុងនោះមានផែនអ្នកកាន់បដាពាក្យស្លោក ២នាក់, ផែនក្រុមភ្លេងឆៃយ៉ាំ ៩នាក់, ផែនកាន់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ៥៦នាក់, ផែននារីកាន់ផ្កា ៥៦នាក់, រថយន្តតម្កល់ព្រះត្រៃបិដក, រថយន្តតម្កល់ព្រះឆាយាល័ក្ខណ៍ក្រុមជំនុំព្រះត្រៃបិដក និងសម្ដេចជាអម្ចាស់ ២ព្រះអង្គ, សម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃទាំងពីរគណៈ (កាន់ព្រះឆាយាលក្ខណ៍) ១ ៨១៩អង្គ, លោកជំទាវបណ្ឌិត ថ្នាក់ដឹកនាំ និងគ្រួសារថ្នាក់ដឹកនាំ ១០៨នាក់ កាន់ព្រះត្រៃបិដក, តាជី យាយជី ១០៨នាក់ កាន់ព្រះត្រៃបិដក, ក្រសួងស្ថាប័ន ១០៨នាក់ កាន់ព្រះត្រៃបិដក, រដ្ឋបាលរាជធានី-ខេត្ត ១០៨នាក់ កាន់ព្រះត្រៃបិដក, ផែនកាយឫទ្ធិកម្ពុជា កាកបាទក្រហម ស.ស.យ.ក កាន់ព្រះត្រៃបិដក, ផែនសិស្សានុសិស្ស និស្សិត ១០៨នាក់ កាន់ព្រះត្រៃបិដក និងផែនមហាជនកាន់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ។

សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដីកាថា ការប្រារព្ធឡើងនូវពិធីនេះ គឺជាការបង្ហាញនូវការតាំងចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការគោរពព្រះពុទ្ធសាសនា និងដឹងគុណចំពោះក្រុមជំនុំព្រះត្រៃបិដក ដែលបានបន្សល់នូវស្នាព្រះហស្ថ និងស្នាដៃ សម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សានូវទ្រឹះស្តីព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិតាម ។

សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទួលថា ការប្រារព្ធបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ គឺបានបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការថែរក្សាទំនៀមទម្លាប់របស់ដូនតា ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលធ្វើឲ្យមនុស្សប្រព្រឹត្តិតែអំពើល្អ ។

ចំណែកពុទ្ធបរិស័ទ បានបង្ហាញនូវក្តីជ្រះថ្លា ចំពោះការប្រារព្ធពិធីបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ ដែលមានពិធីដង្ហែក្បួន និងសូធ្យព្រះត្រៃបិដកដ៏ធំពីមុនមក ហើយចង់ឲ្យមានកម្មវិធីបុណ្យនេះ មានជារៀងរាល់ឆ្នាំ ។

គួរបញ្ជាក់ថា ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬល្អី៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ទី១. ព្រះវិន័យ ឬហៅថា វិន័យបិដក ចាប់ពីភាគ១ ដល់ភាគ១៣), ទី២. ព្រះសូត្រ ឬហៅថា សុត្តន្តបិដក ចាប់ពីភាគ១៤ ដល់ ភាគ៧៧ និងទី៣. ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក ចាប់ពីភាគ៧៨ ដល់ភាគ១១០ សរុបស្មើចំនួន ៨ម៉ឺន ៤ពាន់ព្រះធម្មក្ខន្ធ ៕

fb img 1770686829879 fb img 1770686822921 fb img 1770686832967 fb img 1770686825539 fb img 1770686843239 fb img 1770686840229 fb img 1770686837867 fb img 1770686835483 fb img 1770686848810 fb img 1770686846238 fb img 1770686851037 fb img 1770686853649 fb img 1770686855993 fb img 1770686859506 fb img 1770686862192 fb img 1770686864361 fb img 1770686872582 fb img 1770686870124 fb img 1770686867664 fb img 1770686874993 fb img 1770686877213 fb img 1770686885490 fb img 1770686882426 fb img 1770686880309

Scroll to Top