អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីចុះធ្វើអធិការកិច្ចលើលោកកេត ម៉ៅ ចៅហ្វាយស្រុកត្រាំកក់ 

អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីចុះធ្វើអធិការកិច្ចលើលោកកេត ម៉ៅ ចៅហ្វាយស្រុកត្រាំកក់ 

ខេត្តតាកែវ៖ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនឹងចាត់មន្ត្រីចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ ហ៊ូ សារ៉ាន។

យោងតាមលិខិតសំណើចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ពាក្យបណ្តឹងខាងលើបានចោទប្រកាន់លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ព្រមទាំងបក្ខពួក ពាក់ព័ន្ធនឹងអំពើមិនប្រក្រតីជាច្រើនករណីក្នុងការអនុវត្តតួនាទីរដ្ឋបាលក្នុងនោះ រួមមានការចោទប្រកាន់ថា លោក កេត ម៉ៅ និងបក្ខពួកបានគប់គិតជាមួយបុគ្គលឯកជនម្នាក់ ដើម្បីលុបអូរដែលជាផ្លូវទឹកសាធារណៈរបស់រដ្ឋ មានទទឹងប្រវែងប្រមាណ ៦ម៉ែត្រ និងបណ្តោយប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់។ ពាក្យបណ្តឹងក៏បានលើកឡើងថា ថ្នាក់ដឹកនាំស្រុកមិនបានទប់ស្កាត់ និងបង្ក្រាបការគប់គិតគ្នារវាងមន្ត្រីឃុំ និងបុគ្គលឯកជន ក្នុងការក្លែងស្នាមមេដៃ បង្ខំឱ្យមេភូមិចុះហត្ថលេខា និងធ្វើការឈូសឆាយ ទន្ទ្រាន និងកាន់កាប់ដីបឹងខ្ពបត្របែកដោយខុសច្បាប់។

បន្ថែមពីនេះទៀតពាក្យបណ្ដឹងបានចោទប្រកាន់ថា លោក កេត ម៉ៅ បានគប់គិត និងអនុញ្ញាតឱ្យមានការសាងសង់របងបេតុងប្រវែងជាង បីពាន់ម៉ែត្រដែលបានរំលោភយកដីចំណីស្ទឹងស្លាគូរប្រវែង ១៤៨ម៉ែត្រ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

នៅក្នុងករណីផ្សេងទៀត អំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាលស្រុកសំរោង ខេត្តតាកែវ ត្រូវបានចោទប្រកាន់ថា បានគប់គិត ទន្រ្ទានយកដីបឹងត្នោតទេរ ជាច្រើនកន្លែងនិងទទួលបានប្រាក់ច្រើនម៉ឺនដុល្លាអាមេរិក។ លើសពីនេះ លោក កេត ម៉ៅ បានគប់គិតជាមួយប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកសំរោង ក្លែងបញ្ជីវត្តមាន និងតារាងបៀវត្ស ឱ្យមន្ត្រីម្នាក់ដែលមិនបានមកបំពេញការងារដោយសារបាត់បង់សមត្ថភាពការងារយូរឆ្នាំ។

ពាក្យបណ្ដឹង ក៏បានអះអាងទៀតថា បច្ចុប្បន្ននៅស្រុកត្រាំកក់ លោក កេត ម៉ៅ នៅតែបន្តគប់គិតក្លែងបន្លំហត្ថលេខាលើបញ្ជីវត្តមាន និងតារាងបៀវត្សបើកប្រាក់បៀវត្សមន្ត្រីឈ្មោះ អ៊ុត សំនិត ដែលបានចាកចេញទៅសហរដ្ឋអាមេរិកជិតមួយឆមាស (០៣-០៨/២៥) និងកំពុងបន្តទៀតនៅពេលបច្ចុប្បន្ន។

ក្រោយពេលពិនិត្យខ្លឹមសារពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានវាយតម្លៃថា ករណីនេះជាការចោទប្រកាន់ពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ។ ដូច្នេះអគ្គាធិការដ្ឋានទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចាត់មន្ត្រីចុះធ្វើអធិការកិច្ច និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃតាមនីតិវិធី៕

fb img 1765782478435 fn 2026 01 20 11 48 12 703 548x430 fn 2026 01 20 11 48 12 579 960x580 img 20260120 201127 625 img 20260120 201127 909

Scroll to Top